ចេញផ្សាយ ពី P M C TV
ក្រសួងការពារជាតិកម្ពុជា ទាមទារឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់នូវទង្វើភូតកុហកបោកប្រាស់បំភ្លៃការពិត មិនចេះចប់មិនចេះហើយដើម្បីបិទបាំងសកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ខ្លួនមកលើកម្ពុជា និងស្នើឱ្យត្រឡប់មកធ្វើកិច្ចការដែលមានវិជ្ជាជីវៈនិងមានភាពថ្លៃថ្នូរ ព្រោះគ្រប់ទង្វើទាំងអស់របស់យោធាថៃ គឺបានបង្ហាញកាន់តែច្បាស់នូវចេតនារបស់ភាគីថៃក្នុងការរំលោភ ឈ្លានពានទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងផែនទីឯកតោភាគីរបស់ខ្លួន ដែលមិនត្រូវបានទទួលស្គាល់ដោយអន្តរជាតិ។ សកម្មភាពទាំងនេះ ជាទង្វើផ្ទុយទៅនឹងច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលជាការគំរាមកំហែងដ៏ធំបំផុតទៅដល់សន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងសកលលោក។ ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពី ដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរ ភាពនៅក្នុងតំបន់។ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួល ខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយ ដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាសង្ឃឹមផងដែរថា ភាគីថៃនឹង គោរពនូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដូចកម្ពុជាដែរ។ សម្រាប់ព័ត៌មានបន្ថែមស្តីពីស្ថានការណ៍ជួរមុខ ក្រសួងការពារជាតិនឹងមានចេញផ្សាយក្នុងប្រព័ន្ធផ្សព្វ ផ្សាយផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជា។ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

