កម្ពុជា-នូវែលហ្សេឡង់ ឯកភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥,

ចេញផ្សាយ ពី P M TV
កម្ពុជា-នូវែលហ្សេឡង់ ឯកភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Christopher Luxon នាយករដ្ឋមន្ត្រី នូវែលហ្សេឡង់ បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងនូវែលហ្សេឡង់។ សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីសក្តានុពលនៃការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី។ សម្ដេចបវរធិបតីបានជម្រាបជូនអំពីការអភិវឌ្ឍ និងអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជា រួមទាំងការធ្វើពិពិធកម្មទៅលើទីផ្សារនាំចេញ និងប្រភេទផលិតផលនាំចេញ។ ទន្ទឹមនេះ កម្ពុជាក៏មានសក្តានុពលជាច្រើនទៀត ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីនានា។ ដោយយោងលើសក្តានុពលទាំងនេះរបស់កម្ពុជា, សម្ដេចបវរធិបតីបានស្នើឯកឧត្តមនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ ជួយជំរុញវិនិយោគិននូវែលហ្សេឡង់ពិនិត្យលទ្ធភាពក្នុងការវិនិយោគនៅកម្ពុជា។ ជាការឆ្លើយតប, ឯកឧត្តមនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានចំណុចខ្លាំងរៀងៗខ្លួនដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក និងឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរថែមទៀត។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានគាំទ្រការបង្កើត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង អាស៊ាន និងនូវែលហ្សេឡង់”។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្ដូរទស្សនៈគ្នាទៅលើបញ្ហាតំបន់ និងសកលមួយចំនួន៕ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Leave a Reply

Your email address will not be published. Required fields are marked *