ចេញផ្សាយ ពី P M C V
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃនេះថា៖ ភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើប្រាស់កម្លាំងយោធា។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយ៉ាងកំរោល សាហាវ ឃោរឃៅ ល្មោភសង្គ្រាមរបស់ព្រះរាជាណាចក្រថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១៤:១៥នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារ នៅតំបន់ព្រលានថ្ម ក្នុងខេត្តព្រះវិហារ និងបានបន្តមកដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានឈានបើកការបាញ់ប្រហារ នៅវេលាម៉ោង ០៥:០៤នាទីព្រឹក រហូតដល់ម៉ោង ០៦:០០នាទីល្ងាចនេះ យោធាថៃមិនទាន់ឈប់វាយប្រហារមកលើកម្ពុជានៅឡើយទេ នៅតំបន់អានសេះ និងនៅតំបន់ផ្សេងៗទៀតយ៉ាងកំរោល ។ នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ សកម្មភាពបាញ់ប្រហាររបស់យោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ប្រភេទ រួមទាំងកាំភ្លើងដៃ, កាំភ្លើងយន្ត, កាំភ្លើងត្បាល់ MT60, រថក្រោះ, កាំភ្លើងធំ 155mm, កាំភ្លើង 12,7 ព្រមទាំងប្រើយន្តហោះចម្បាំងប្រភេទ F-16ទម្លាក់គ្រាប់, យន្តហោះ AT-6 ប្រភេទទម្លាក់គ្រាប់បែក, ដ្រូនទម្លាក់គ្រាប់បែក និងប្រើប្រាស់ការបាញ់ផ្សែងពុលមកលើកងកម្លាំងកម្ពុជាក្នុងភូមិសាស្រ្តនោះ។ បន្ទាប់មកនៅវេលាម៉ោង ១៣:៣៦នាទីរសៀល យោធាថៃបានបន្តពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់ផ្សេងៗទៀត នៅក្នុងយោធភូមិភាគទី៥ ក្នុងខេត្តបន្ទាយមានជ័យ ដែលបាននឹងកំពុងឈរជើងការពារបូរណភាពទឹកដីរបស់ខ្លួន ដូចជានៅភូមិសាស្រ្តភូមិព្រៃចាន់ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិគោករមៀត ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងនៅស្រុកសំពៅលូន ខេត្តបាត់ដំបង។ សកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃបានធ្វើឡើង បន្ទាប់ពីធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ ដើម្បីនាំដល់ការប៉ះទង្គិចគ្នាឱ្យខានតែបាន។ នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ សកម្មភាពបាញ់ប្រហាររបស់យោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជាច្រើនប្រភេទដូចជា៖ កាំភ្លើងដៃ, កាំភ្លើងត្បាល់ប្រភេទ ៦០មម, កាំភ្លើងត្បាល់ប្រភេទ៨០មម, កាំភ្លើងយន្ត ១២,៧មម និងរថក្រោះ និងគិតមកត្រឹមម៉ោងនេះ យោធាថៃមិនទាន់ឈប់វាយប្រហារឈ្លានពានកម្ពុជានៅឡើយទេ។ បើទោះបីជាមានការបាញ់ប្រហារយ៉ាងគំហុកពីយោធាថៃតាំងពីថ្ងៃទី៧ និងបន្តដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែកងកម្លាំងកម្ពុជាមិនទាន់បានធ្វើការបាញ់តបតឡើយ គឺប្រកាន់ស្មារតីអត់ធ្មត់ខ្ពស់បំផុត។ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាចិត្តឥតងាករេក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាជន ប្រឆាំងនឹងអំពើឈ្លានពានដ៏កំរោល និងសាហាវឃោរឃៅរបស់ថៃមកលើកម្ពុជា។ សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ភាគីថៃមកលើកម្ពុជាជាលើកទី២នេះ គឺបានបង្ហាញយ៉ាងច្បាស់ក្រឡែតនូវចេតនារបស់ភាគីថៃ ក្នុងការឈ្លានពានវាតយកទឹកដីប្រទេសជិតខាង តាមរយៈការប្រើប្រាស់ផែនទីឯកតោភាគីរបស់ខ្លួន និងការប្រើប្រាស់កម្លាំងដើម្បីផ្លាស់ប្តូរខ្សែព្រំដែន ដែលផ្ទុយទៅនឹងច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលទង្វើបែបនេះជាការគំរាមកំហែងដ៏ធំបំផុតទៅដល់សន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងសកលលោក។ ទង្វើដ៏កំរោល និងខុសច្បាប់របស់ភាគីថៃនេះ ក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុតនូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងចិនធ្វើជាសាក្សី និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលជាកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់របស់ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីទាំងឡាយដែលសម្រេចបាននៅកិច្ចប្រជុំវិសាមញ្ញ និងកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)។

