ចេញផ្សាយ ពី P M C TV
បច្ចុប្បន្នភាពអំពីសភាពការណ៍នៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅ ក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥៖ ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើ ប្រាស់កម្លាំងយោធាចាប់តាំងពីថ្ងៃទី៧ រហូតមកដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ។ ស្ថានភាពនៃអំពើគំរាមកំហែង និងការឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយ ចំនួនក្នុងដែនអធិបតេយ្យកម្ពុជា ៖ ទី១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា គិតចាប់ពីម៉ោង ១៣:00នាទី ដល់ម៉ោង ១៥:០០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ – ម៉ោង ១៣:២៧នាទី យោធាថៃបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់នៅភូមិសាស្ត្រវាលឥន្ទ្រី។ ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់។ ទី២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ភាគីថៃបានបន្តបាញ់ប្រហារមកលើ កម្ពុជា៖ គិតចាប់ពីម៉ោង ១៣:០០នាទីព្រឹក ដល់ម៉ោង ១៥:០០នាទីរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ – ម៉ោង ១៣:២៧នាទី យោធាថៃបានបាញ់ផ្លោងជ្រុំចូលភូមិសាស្ត្រភូមិព្រៃចាន់។ – ម៉ោង ១៣:៤៥នាទី យោធាថៃបាញ់ផ្សែងពុលនៅភូមិសាស្ត្រភូមិព្រៃចាន់។ – ម៉ោង ១៣:៥៨នាទី កម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរថក្រោះបានរុលចូលភូមិសាស្ត្របឹង ត្រកួន។ – ម៉ោង ១៤:១៩នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ខាង ក្រោយភូមិសាស្ត្រភូមិព្រៃចាន់។ ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់។ ក្រសួងការពារជាតិ ទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់ការបាញ់ប្រហារដោយមិនរើសគោលដៅ ការប្រើប្រាស់ យន្តហោះចម្បាំងហោះចូលក្នុងទឹកដីកម្ពុជា ដែលមិនត្រឹមតែជាការរំលោភបំពានដ៏ធ្ងន់ធ្ងរបំផុតលើ អធិបតេយ្យ បូរណភាពទឹកដីកម្ពុជា និងច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែបានផ្លោង និងទំលាក់គ្រាប់បែក ដោយមិនរើសអើង និងមិនសមមាត្រ ហើយបានធ្វើឱ្យគ្រោះថ្នាក់ដល់អាយុជីវិត និងសុវត្ថិភាពរបស់ប្រជា ជនស៊ីវិលស្លូតត្រង់កម្ពុជា និងបំផ្លិចបំផ្លាញដល់ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រាសាទបុរាណ ជាទីសក្ការៈដែលជាមរតកមនុស្សជាតិ ដូចជាសាលារៀន មន្ទីពេទ្យ វត្តអារ៉ាម ផ្ទះសម្បែង ផ្សារ ប្រាសាទ ព្រះវិហារ ប្រាសាទតាក្របី និងទីតាំងសាធារណៈជាច្រើនរាប់មិនអស់។ សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ គិតរហូត ដល់ម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ជនស៊ីវិលស្លូតត្រង់បានបាត់បង់ជីវិតចំនួន ១១នាក់ (ក្នុ្ងងនោះមានទារក ១នាក់ ផងដែរ) និងរងរបួសជនស្លូតត្រង់ចំនួន ៥៩នាក់ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋានខេត្ត។ យោធាថៃត្រូវបង្ហាញពីភាពស្មោះត្រង់ និងសុច្ឆន្ទៈ ប្រសិនបើថៃពិតជាចង់បានសន្តិភាពពិតប្រាកដមែន ព្រោះសន្តិភាពមិនអាចកើតមានតែតាមរយៈការនិយាយប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែង ហើយកងទ័ពថៃអាចចាប់ផ្តើមជាមួយនឹងការបញ្ឈប់រាល់សកម្មភាពខុសច្បាប់ដូចដែលបានរៀបរាប់ខាងលើ។ ទន្ទឹមនឹងនេះ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃវិលត្រឡប់មកអនុវត្តវិញនូវបទឈប់បាញ់ និងសេចក្តី ថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការធ្វើជាសាក្សីរបស់ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និង ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ជាប្រធានអាស៊ានប្តូរវេន។

