ចេញផ្សាយ ពី P M C TV
បច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីយោធាថៃបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ គិតមកដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១៧ ហើយ។ ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ស្ថានភាពនៃអំពើគំរាមកំហែង និងការឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា៖ ១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១២:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥ – ចាប់ពីម៉ោង ១២:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ៥:៣៩នាទីទៀបភ្លឺ យោធាថៃបានបាញ់កាំភ្លើងធំ រថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់។ – ចាប់ពីម៉ោង ៤:០០នាទីទៀបភ្លឺ យោធាថៃបានបាញ់កាំភ្លើងធំពីចម្ងាយចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ និងតាថាវរហូតមកដល់ពេលនេះនៅបន្តបាញ់នៅឡើយ។ – ម៉ោង ៥:៣០នាទី យោធាថៃបានបាញ់កាំភ្លើងធំ រថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់។ មកដល់ម៉ោងនេះនៅតាមទីតាំងមួយចំនួន យោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ ២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:២៥នាទីល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០១នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ – ម៉ោង ១៧:២៥នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលទីតាំងរបស់ប្រជាជនស៊ីវិលកម្ពុជាក្នុងភូមិ សាស្រ្តសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។ – ម៉ោង ២០:៥៩នាទី យោធាថៃបានបាញ់គ្រាប់ភ្លើងបំភ្លឺចំនួន ២គ្រាប់នៅភូមិសាស្ត្រសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ផ្លូវលេខ៥៨) ខេត្តបន្ទាយមានជ័យ។ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ – ចាប់ពីវេលាម៉ោង ១:១៦នាទីរំលងអាធ្រាត្រ រហូតដល់វេលាម៉ោង ១:៤០នាទី យោធាថៃបានបាញ់ផ្លោងចំនួន ១៣គ្រាប់ចូលក្នុងភូមិសាស្ត្រឃុំតាស្តា ស្រុកសំពៅលូនខេត្តបាត់ដំបង។ – ម៉ោង ៧:០១នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។ – ម៉ោង ៧:៣៥នាទី យោធាថៃបានបាញ់កាំភ្លើងយន្តនៅភូមិសាស្ត្រអូរភ្លុកដំរី។n- ម៉ោង ៨:០១នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។ – ម៉ោង ៨:០១នាទី យោធាថៃបានបាញ់ផ្លោងចំនួន ២គ្រាប់ ចូលទីតាំងស៊ីវិលដែលមានប្រជាជនរស់នៅក្នុងភូមិសាស្ត្រប៉ោយប៉ែត ដោយ ១គ្រាប់ធ្លាក់នៅសង្កាត់អូរឬស្សី និង ១គ្រាប់ទៀតធ្លាក់នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មកដល់ម៉ោងនេះនៅតាមទីតាំងមួយចំនួន យោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
សូមធ្វើការបញ្ជាក់ជូនសាជាថ្មីថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើ “គោលដៅ យោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ” ប៉ុន្តែមានតែ ភាគីថៃទេ ដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជា និងធ្វើឱ្យប្រជាជន ស៊ីវិលស្លូតត្រង់កម្ពុជាបានបាត់បង់ជីវិតចំនួន ២១នាក់ (ទារក ១នាក់) និងរងរបួសចំនួន ៨៣នាក់ គិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៦ល្ងាច ។ ការប្រើប្រាស់សព្វាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្ពស់គ្រប់ប្រភេទរបស់ប្រទេសថៃរួមទាំងការប្រើប្រាស់យន្តហោះចម្បាំងF-16, រថយន្តបាញ់រ៉ុកែត DTI-2, ដ្រូនទម្លាក់គ្រាប់បែក, គ្រាប់បែកចង្កោម, ផ្សែងពុល និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភ យ៉ាងច្បាស់ក្រឡែត និងមិនអាចប្រកែកបាន ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។សកម្មភាពដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់ បែបនេះបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុត មិនត្រឹម តែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់ អន្តរជាតិផងដែរ។

