ចេញផ្សាយ ពី P.M.C.TV
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជាអធិបតីភាពក្នងពិធីសម្ភោធអគារទីស្នាក់ និង សួរសុខទុក្ខ អតីតយុទ្ធជន និងនិវត្តជន នៅខេត្តបន្ទាយមានជ័យ ។ ថ្ងៃអាទិត្យ ១០រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២០ខែកក្កដាឆ្នាំ២០២៥ ពិធីនេះធ្វើនៅទីស្នាក់ការសមាគម យុទ្ធជន ភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញក្នុងពិធីសម្ភោធអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ ។ ពិធីនេះមានការអញ្ជើញចូលរួមអភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃអភិបាលខេត្ត ជាប្រធានកិត្តិយស ស.អ.ក. ខេត្ត, ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត និងជាប្រធាន ស.អ.ក. ខេត្ត, កងរាជអាវុធហត្ថខេត្ត, សឹករងខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងអតីតយុទ្ធជន និងនិវត្តជន សរុបចំនួន៣០០ នាក់។ នាឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានសម្តែងការដឹងគុណចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលបានតស៊ូគ្រប់ដំណាក់កាលដែលប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្គ្រាម បូករួមទាំងសង្គ្រាមផ្ទៃក្នុង រហូតមកបញ្ចប់សង្គ្រាមដោយជោគជ័យក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព ទើបអាចដឹកនាំយុទ្ធជន យុទ្ធនារី ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពមកទល់ពេលបច្ចុប្បន្ន។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ថ្លែងថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានមើលឃើញថា អតីតយុទ្ធជន និងនិវត្តជន សុទ្ធតែជាអ្នកបានពលិកម្មជូនជាតិ និងប្រជាជនដូចគ្នា។ រូបភាពដោយលោកលី គង់ អត្ថបទអ្នកស្រីមាស ចន្នី