កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្តីពីការជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់

ចេញផ្សាយ ពី P M C TV
កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្តីពីការជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់។ ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្តីពីការជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ឯកឧត្តម លោកជំទាវអភិបាលរងរាជធានី/ខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលរាជធានី/ខេត្ត លោក លោកស្រី ប្រធានការិយាល័យស្ថិតិអត្រានុកូលដ្ឋាន រាជធានី/ខេត្ត លោកស្នងការរងនគរបាលរាជធានី/ខេត្ត ទទួលបន្ទុកការងារអត្តសញ្ញាណកម្ម លោក លោកស្រី នាយការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងគ្រប់គ្រងការស្នាក់នៅ លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក ខណ្ឌ អធិការរងនគរបាល ក្រុង ស្រុក ខណ្ឌ ទទួលបន្ទុកការងារអត្តសញ្ញាណកម្ម មេឃុំ ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងជំនួយការរដ្ឋបាលឃុំ សង្កាត់ នៅបន្ទប់ប្រជុំរាជធានីភ្នំពេញ ទីស្ដីការក្រសួងមហាផ្ទៃ ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ Zoom ដែលមានសមាសភាពចូលរួមសរុប ៥,៩៧២នាក់។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត អគ្គនាយក មានប្រសាសន៍ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំនេះ គឺជំរុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់។ ជាកិច្ចបន្ទាប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឡើងអានសេចក្តីណែនាំ ស្តីពីការជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់។ ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត អគ្គនាយក បានបូកសរុបមតិ និងឆ្លើយតបសំណួររបស់អង្គប្រជុំ ព្រមទាំងជំរុញឱ្យមន្រ្តីជំនាញដែលពាក់ព័ន្ធទាំងអស់ត្រូវប្រឹងប្រែងផ្ដល់ឯកសារជូនដល់ប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់មកពីប្រទសថៃ ពុំទាន់មានឯកសារបញ្ជាក់អត្តសញ្ញាណប្រើប្រាស់នៅឡើយ (ដូចជាសំបុត្រកំណើត សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាដើម) និងមួយចំនួនមានឯកសាអត្តសញ្ញាណបាត់បង់ ខូចខាត ឬអស់សុពលភាព ឬមិនមានឯកសារគ្រប់គ្រាន់ ត្រូវជំរុញផ្តល់ឯកសារអត្តសញ្ញាណតាមរយៈក្រុមការងារកំណត់អត្តសញ្ញាណ ឃុំ សង្កាត់ ជូនប្រជាពលរដ្ឋខ្មែរ ដើម្បីមានភាពងាយស្រួលក្នុងការស្នើសុំប្រើប្រាស់សេវារដ្ឋបាលផ្សេងៗទៀត តាមតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

Leave a Reply

Your email address will not be published. Required fields are marked *